energy.gov.au

energy-theme-default

[Khmer/ភាសាខ្មែរ] សេចក្តីណែនាំសម្រាប់អ្នកជួលផ្ទះ ដើម្បីសន្សំសំចៃថាមពល និងទឹក

A renter's guide to saving energy and water

Publisher

Department of the Environment and Energy

Date

លោកអ្នកពុំចាំបាច់ធ្វើជាម្ចាស់ផ្ទះ ដើម្បីឲ្យបានចំណេញពីការប្រើប្រាស់ថាមពល និងទឹកឡើយ។ ស្ទើរតែមួយភាគ​បីនៃ​ជន​ជាតិ​​អូស្រ្តាលីរស់នៅក្នុងទីកន្លែងស្នាក់អាស្រ័យជួល​ ហើយខណៈនៅមានកំរិតចំពោះអ្វីដែលលោកអ្នកអាចផ្លាស់ប្តូរ​បានក្នុងផ្ទះជួល​ របស់លោកអ្នក មានរបៀបមួយចំនួនដើម្បីកាត់បន្ថយការចំណាយថាមពលរបស់លោកអ្នក ិងការប៉ះទង្គិចលើបរិស្ថាន ​ទោះបី​ជាបន្ទះប្រើថាមពលព្រះអាទិត្យ និងធុងដាក់ទឹកភ្លៀងពុំមែនជាជម្រើសក៏ដោយ។  ​តាមពិត វិធានការមានប្រសិទ្ធិ​ភាពបំផុតមួយចំនួនដែលលោកអ្នកអាចធ្វើបានដើម្បីសន្សំសំចៃថាមពល និងទឹក គឺយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរបន្តិចបន្តួច ទៅនឹងទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នកដែលពុំមានការចំណាយលើបា្រក់កាសទាំងអស់។

ទោះបីជាលោកអ្នកកំពុងជួលផ្ទះសម្រាប់រយៈពេលខលី ឬរយៈពេលវែងក្តី មានកិច្ចការដ៏សាមញ្ញ ិងមិនចំណាយអស់ច្រើនដែលលោកអ្នកអាចធ្វើដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងទឹក និងសន្សំសំចៃបានប្រាក់រាប់រយដុល្លាក្នុងរយៈពេលមួយឆ្នាំ​ ដោយពុំ​ចាំ​បាច់​​លះបង់ភាពសុខស្រួល និងរបៀបរស់នៅឡើយ។

គំនិតទាំងឡាយអំពីការសន្សំសំចៃថាមពល

​ប្រសិទ្ធិភាពនៃការប្រើថាមពល (ជួនកាលហៅថាការប្រើថាមពលដោយប្រសិទ្ឋិភាព) គឺនិយាយអំពីការប្រើថាមពល​តិច​ដើម្បីផ្តល់​បាន កំរិតដូចគ្នានៃការ​បំពេញមុខការ​ ាសុកភាព និងភាពងាយស្រួល។ ចូរសាកល្បងវិធានការងាយស្រួលទាំងនេះ​ដើម្បី​កាត់​បន្ថយការប្រើប្រាស់ថាមពល និងការចំណាយថាមពលក្នុងផ្ទះ។

  • ជ្រើសរើសគ្រឿងប្រដាប់ប្រើអគ្គីសនីដែលប្រើភ្លើងអស់តិច (មានប្រសិទ្ឋិភាព)។ គ្រឿងប្រដាប់ប្រើអគ្គីសនីក្នុងផ្ទះប្រើប្រាស់អស់ដល់ទៅ៣០​ភាគរយនៃការប្រើថាមពលក្នុងផ្ទះរបស់លោកអ្នក ដូច្នេះប្រភេទនៃគ្រឿងប្រដាប់ប្រើអគ្គិសនីដែលលោកអ្នកជ្រើសរើស និងរបៀបដែលលោកអ្នកប្រើប្រាស់វា ធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងចំពោះការប្រើប្រាស់ ​និងការចំណាយថាមពលរបស់​លោក​អ្នក។ ប្រសិនបើលោកអ្នកទៅផ្សារដើម្បីទិញគ្រឿងប្រដាប់ប្រើអគ្គីសនីថ្មី ​សូមពិចារណាទិញម៉ាកដែលប្រើភ្លើងអស់តិច។ រកមើល Energy Rating Label (ស្លាកកំរិតប្រើប្រាស់ថាមពល) ដើម្បីកំណត់ថាគ្រឿងប្រដាប់ប្រើអគ្គីសនីប្រើភ្លើងអស់តិចប៉ុណ្ណា​​ -​ មានសញ្ញា​ផ្កាយកាន់តែច្រើន លោកអ្នកអាចសន្សំសំចៃថាមពល និងប្រាក់កាន់តែច្រើនដែរ។
  • គ្រប់គ្រងអាកាសធាតុរបស់លោកអ្នក។ ប្រហែល៤០ភាគរយនៃការប្រើថាមពលក្នុងផ្ទះ គឺអស់ទៅលើការ​ប្រើម៉ាស៊ីនកម្តៅ​ និងម៉ា​ស៊ីន ត្រជាក់ ។ នៅរដូវត្រជាក់ ចូរគិតគូររៀបចំគ្រឿងរក្សាសីតុណ្ហភាពរបស់លោកអ្នកឲ្យកម្តៅ​នៅ​ត្រឹម១៨-២០អង្សាសេ។ នៅរដូវក្តៅ ចូរសាកល្បងរៀបចំគ្រឿងរក្សាសីតុណ្ហភាពរបស់លោកអ្នកឲ្យត្រជាក់​​នៅត្រឹម២៥-២៧អង្សាសេ។ ការរៀប​ចំ​​គ្រឿងរក្សាសីតុណ្ហភាព ទោះបីដាក់​ត្រឹមតែមួយអង្សាសេខ្ពស់ជាង (ឬទាបជាង)ក៏អាចកាត់បន្ថយថាមពល​ប្រើ​ប្រាស់​សម្រាប់​​កម្តៅ​ ឬ​ធ្វើ​ឲ្យត្រជាក់ផ្ទះរបស់លោកអ្នកបានពី៥ ទៅ១០ភាគរយដែរ។ ពេលណាលោកអ្នកបើកម៉ាស៊ីន​ត្រជាក់ ឬ​ម៉ាស៊ីនកម្តៅ​ ចូរបិទទ្វារបន្ទប់ក្នុងផ្ទះទាំងអស់ដែលលោកអ្នកពុំប្រើ។
  • បិទឲ្យជិតចន្លោះ និងប្រហោង។ ដោយដាក់វត្ថុការពារកុំឲ្យខ្យល់ចេញចូលក្នុងផ្ទះរបស់លោកអ្នក និងបពា្ឈប់ខ្យល់ក្តៅ​ និងខ្យល់​ត្រជាក់ដែលធ្លាយចេញ ទៅក្រៅតាមចន្លោះ​ និងប្រហោង លោកអ្នកអាចកាត់បន្ថយការចំណាយថាមពលរបស់​លោកអ្នក​ដល់ទៅ២៥ភាគ រយ។​ ចូរសាកល្បងប្រើថង់ក្រណាត់ច្រកដីខ្សាច់សម្រាប់ទប់ខ្យល់​ (រាងដូចជាសត្វពស់វែង​) ​ដើម្បី​ការ​ពារ​ខ្យល់កុំឲ្យចេញចូលក្រោមទ្វារ និងប្រើគ្រឿងបិទអាកាសធាតុនៅតាមបង្អួច ក្តារក្រាល បន្ទះឈើដំជាប់ជើង​ជញ្ជាំង​​និងក្តារក្រាល និង​ក្បាំងក្បាលជញ្ជាំង។ ចូរឆែកមើលជាមួយម្ចាស់ផ្ទះរបស់លោកអ្នក មុននឹងដាក់គ្រឿងប្រដាប់បិទ​អាកាស​ធាតុណាមួយ។
  • កែលំអប្រសិទ្ធិភាពនៅតាមបង្អួច។​​ ការពារកម្តៅកុំឲ្យ​​បាត់បង់ដោយ​ដាក់បាំង​វាំង​នន​ឲ្យ​បានកក់ក្តៅ និងដាក់​រនាំង​​បង្អួចអង្គប់ខ្យល់នៅក្បែរបង្អួច។ លោកអ្នកក៏អាចបើកវាំងនននៅរដូវរងារបានដែរ ដើម្បីទុកឲ្យពន្លឺព្រះអាទិត្យចូល​ក្នុងពេលថ្ងៃ ហើយបិទវាំងននមុនពេលមេឃងងឹត។​ ក៏ដូចគ្នាដែរ គឺជាគំនិតល្អដែលត្រូវបិទវាំងនននៅពេលក្តៅបំផុត​នៃ​ថ្ងៃក្នុងរដូវក្តៅ។
  • ជ្រើសរើសកង្ហារ ជាជាងការប្រើម៉ាស៊ីនត្រជាក់។ កង្ហារលើពិតាន និងកង្ហារមានជើងទ្រចំណាយអស់ប្រហែលមួយសេន ក្នុងមួយ​ម៉ោង​នៃប្រតិបត្តិការ​ហើយផលិត greenhouse gases (​ឧស្ម័នដែលអាចស្រូបកម្តៅព្រះអាទិត្យ ហើយរក្សាទុកកម្តៅ​ក្នុង​​​បរិយា​កាស) តិចជាងម៉ាស៊ីនត្រជាក់។ កង្ហារជួយធ្វើឲ្យខ្យល់វិលចុះឡើង និងអាចប្រើ​ដើម្បីធ្វើឲ្យប្រសិទ្ធិ​​​​ភាពនៃប្រព័ន្ធខ្យល់ត្រជាក់បាន​ប្រសើរឡើង ព្រមទាំង​ធ្វើឲ្យខ្យល់ក្តៅវិលចុះឡើង និងធ្វើឲ្យប្រសិទ្ធិ​ភាពកម្តៅបាន​ប្រសើរឡើងនៅរដូវរងារ។
  • ប្តូរទៅពន្លឺភ្លើងអគ្គីសនីដែលប្រើភ្លើងអស់តិច។ ប្រហែល៧ភាគរយនៃការប្រើថាមពលក្នុងផ្ទះ អស់​ទៅលើការប្រើពន្លឺ​ភ្លើង​​​​​អគ្គីសនី ដោយប្តូរទៅការប្រើពន្លឺភ្លើងអគ្គីសនីដែលប្រើភ្លើងអស់តិច និងការប្រើភ្លើងអគ្គីសនីដោយមានប្រសិទ្ធិភាព លោកអ្នកអាចបន្ថយថ្លៃចំណាយប្រើពន្លឺភ្លើងអគ្គីសនីពាក់កណ្តាល។ ដាក់ជំនួសអំពូលភ្លើងមូលពន្លឺពណ៌សម៉ូដចាស់ ជា​មួយ​អំពូលភ្លើងដែលផ្តល់ពន្លឺតាមរយៈ​កម្មរស្មី ឬអំពូលភ្លើងដែលបញ្ចេញពន្លឺដោយចរន្តជាប់ គឺជារបៀបមា​ន​ប្រសិទ្ធិ​ភាពដើម្បីសន្សំសំចៃថ្លៃចំណាយថាមពល។ អំពូល ភ្លើងដែលផ្តល់ពន្លឺតាមរយៈ​កម្មរស្មី ប្រើថាមពលប្រហែល២០ភាគរយ​នៃ​អំពូល​ភ្លើង​មូលពន្លឺពណ៌ស ​ហើយអាចប្រើបានរវាង៤ ទៅ១០ដងយូរជាង។
  • ភ្លើងបំរុង (Standby power) គ្រឿងប្រដាប់ប្រើអគ្គីសនី និង​ឧបករណ៍​​​​​​តូចតាចទាំងឡាយ ដូចជាប្រដាប់បញ្ចូលភ្លើងទូរស័ព្ទ កុងសូលសម្រាប់លេងល្បែង (game consoles) ចង្រ្កានម៉ាយក្រូវ៉េវនិងស្ទេរ៉េអូ នៅតែបន្តស្រូប​ថាមពលទៀត​​នៅ​​ពេល​ឥតប្រើវា។ ភ្លើងបំរុងនេះអាចប្រើអស់១០ភាគរយនៃការប្រើ​ភ្លើងអគ្គីសនី​​​ក្នុងផ្ទះរបស់លោកអ្នក។ ដោយការបិទភ្លើងគ្រឿងប្រដាប់ប្រើ​អគ្គីសនី​ និងឧបករណ៍តូចតាច​នៅជាប់ជញ្ជាំង ​ពេលណាលោកអ្នកលែងប្រើវា លោកអ្នកនឹងកាត់បន្ថយការប្រើថាមពល និងការ​ចំណាយបា្រក់លើថាមពល​របស់​លោកអ្នក​បានទាំងពីរ។ ប្រសិនបើវាមានចេញពន្លឺភ្លើងតូចមួយ ឬភ្លើងនាឡិកា​ - នោះវាកំពុង​ប្រើថាមពលហើយ។
  • ទូទឹកកក និងម៉ាស៊ីនធ្វើឲ្យកក។ សីតុណ្ហភាពប្រសើរបំផុតសម្រាប់ទូទឹកកករបស់លោកអ្នកគឺរវាង៣ និង៥អង្សាសេ ឬរវាង១៥ និង១៨អង្សាសេក្រោមសូន្យ សម្រាប់ម៉ាស៊ីនធ្វើឲ្យកករបស់លោកអ្នក។ រៀងរាល់មួយអង្សាសេទាបជាងនេះ ត្រូវការថាមពល៥ភាគ​រយថែមទៀត។​ ចូរធ្វើឲ្យប្រសិទ្ធិភាពនៃទូទឹកកក ិងម៉ាស៊ីនធ្វើឲ្យកករបស់លោកអ្នកបានប្រសើរ ដោយ​យក​ទឹកកកដែលកើនឡើងក្នុងទូទឹកកកចេញ ហើយទុកចន្លោះមួយទំហំ៥-៨សង្ទីម៉ែត្រជុំវិញកន្លែងកក សម្រាប់ការបញ្ចូលខ្យល់។ ​ប្រសិនបើ​លោកអ្នកមានទូទឹកកកទីពីរសម្រាប់ការកំសាន្ត ចូរបើកវាតែពេលណាលោកអ្នកត្រូវការវាប៉ុណ្ណោះ។
  • ការបោកគក់ និងសម្ងួតខោអាវ។ នៅពេលប្រើម៉ាស៊ីនដើម្បីបោកគក់ ចូរសន្សំសំចៃ​​ថាមពល និងទឹកដោយប្រើទឹកត្រជាក់ និង​ដំណើរវិលចុះឡើងឲ្យខ្លីបំផុតតាមអាចធ្វើបាន​​​ កែតម្រូវកំរិតទឹករបស់លោកអ្នកឲ្យសមល្មមនឹងទំហំនៃបន្ទុកបោកគក់ ហើយរង់ចាំរហូត​ទាល់តែលោកអ្នកមានខោអាវគ្រប់គ្រាន់សម្រាប់បោកគក់មួយបន្ទុកពេញ។ ចូរសម្ងួតខោអាវលើខ្សែហាលខោអាវ ជាជាងប្រើ​ម៉ាស៊ីនសម្ងួតខោអាវ - វាឥតអស់ថ្លៃចំណាយឡើយ។​

ដំបូន្មានសំខាន់ៗសម្រាប់សន្សំសំចៃទឹក

ការប្រើទឹកមានប្រសិទ្ធភាពជួយធ្វើឲ្យអស់ទឹកតិច ហើយអស់ប្រាក់តិចបំផុត។ ​មានសកម្មភាពជាច្រើនសម្រាប់ធ្វើ ដើម្បីប្រើបា្រស់ទឹក​ដោយ​វៃឆ្លាតនៅផ្ទះ និងក្នុងសួនច្បារដើម្បីជួយកុំឲ្យខ្វះខាតទឹកសម្រាប់អនាគតរបស់យើង។

  • គិតគូរប្រើគ្រឿងប្រដាប់ និងគ្រឿងដាក់ជាប់នឹងកន្លែងដែលប្រើទឹកអស់តិច។ នៅពេលទិញគ្រឿងប្រដាប់ និងគ្រឿងដាក់ជាប់នឹងកន្លែងថ្មីៗ សូមពិចារណាទិញម៉ាកដែលប្រើទឹកអស់តិច។ ចូររកមើល Water Efficiency Labelling and Standards(WELS) (ផ្លាក និងស្តង់ដារការប្រើប្រាស់ទឹកមានប្រសិទ្ឋិភាព) ដែលបញ្ជាក់ពីកំរិតប្រើប្រាស់ទឹក។
  • ប្រើក្បាលម៉ាស៊ីនទឹកដោយប្រសិទ្ធិភាព។ ក្បាលម៉ាស៊ីនទឹកដែលលេចចេញក្នុងល្បឿនមួយតំណក់ ក្នុងមួយវិនាទី វាខ្ជះខ្ជាយទឹកច្រើនជាង១២,០០០លីត្រ ក្នុងមួយឆ្នាំ។  ចូរសន្សំសំចៃទឹកដោយជួសជុលក្បាលម៉ាស៊ីនទឹកណាមួយដែលលេចចេញ ឲ្យបាន​ឆាប់​​តាម​លទ្ធភាពធ្វើបាន។ លោកអ្នកអាចកាត់បន្ថយការប្រើប្រាស់ទឹករបស់លោកអ្នក ដោយតម្លើងប្រដាប់បញ្ចូល​ខ្យល់។ ប្រដាប់បញ្ចូលខ្យល់ដាក់កំរិតលំហូរទឹក ហើយអាចដាក់នៅខាងក្នុង ិងខាងក្រៅក្បាលម៉ាស៊ីនទឹក។ លោកអ្នកប្រហែលត្រូវឆែកមើលជាមួយម្ចាស់ផ្ទះរបស់លោកអ្នក មុននឹងបំពេញកិច្ចការនេះ។​
  • តម្លើងប្រដាប់ចេញទឹកផ្កាឈូកដែលប្រើអស់ទឹកតិច។ ប្រសិនបើលោកអ្នកមានប្រដាប់ចេញទឹកផ្កាឈូកចាស់ៗដែលប្រើអស់ទឹកច្រើន ចូរសាកល្បងស្នើសុំម្ចាស់ផ្ទះរបស់លោកអ្នក ដើម្បីផ្លាស់ប្តូរវាជាមួយម៉ាកដែលប្រើអស់ទឹកតិច ដ្បិតអីប្រដាប់ទាំងនេះប្រើអស់ទឹកប្រមាណជាមួយភាគបី ហើយអាចសន្សំសំចៃបានច្រើនជាង២០០ដុល្លារក្នុងមួយឆ្នាំ លើការចំណាយថាមពល​ និង​ទឹក។
  • ការបើកទឹកបង្គន់។ នៅពេលប្រើបង្គន់បើកទឹកពីរកំរិត​ ចូរជ្រើសរើសយកការបើកទឹក​ពាក់កណ្តាល នៅពេលណាសមរម្យ។ ប្រសិន​បើម្ចាស់ផ្ទះរបស់លោកអ្នកផ្លាស់ប្តូរយក​បង្គន់បើកទឹកតែមួយកំរិត ចូរគិតផ្តល់យោបល់អំពី ម៉ាកបង្គន់បើកទឹកពីរកំរិតដែលប្រើ​អស់ទឹក​​តិច ដោយសារវាអាចសន្សំសំចៃបាន៥១លីត្រក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ។ ប្រសិនបើការនេះពុំមែនជាជម្រើស​ទេ ​លោក​អ្នកអាចទិញប្រដាប់ពង្រីកទំហំទីកន្លែងទឹក ឬប្រើដបបា្លស្ទីកមានទឹកពេញដាក់ក្នុងធុងបង្គន់ទឹកដើម្បីបន្ថយចំណុះទឹក​។
  • កាត់បន្ថយការប្រើប្រាស់ទឹកក្នុងសួនច្បារ។ ទីធ្លាដាំស្មៅដ៏ខៀវខ្ចីតាមប្រពៃណី អាចប្រើដល់ទៅ១០ភាគរយនៃទឹកប្រើក្នុងសួនច្បាររបស់លោកអ្នក។ លោកអ្នកអាចកាត់បន្ថយការនេះ ដោយរៀបចំម៉ាស៊ីនកាត់ស្មៅរបស់លោកអ្នកដើម្បីកាត់ត្រឹម៤សង្ទី​ម៉ែត្រ ឬខ្ពស់ជាងនេះ។ លោកអ្នកក៏អាចកាត់បន្ថយការប្រើប្រាស់ទឹករបស់លោកអ្នកបានដោយ កែលំអការអនុវត្តន៍​បាញ់​ទឹក និងជ្រើសរើសគ្រឿងប្រដាប់ដែលប្រើអស់ទឹកតិច។

ធនធានព័ត៌មានរបស់អ្នកជួលផ្ទះ

និយាយទៅកាន់ម្ចាស់ផ្ទះ ឬភ្នាក់ងារទិញលក់អចលនវត្ថុ

ការជួសជុល ផ្តល់សេវា ឬថែទាំមានរួមទាំងការកែលំអណាមួយដែលអាចទ្រទ្រង់បានយូរ តាមធម្មតានឹងតម្រូវឲ្យមានការអនុញ្ញាត (និងប្រាក់កាស) ពីម្ចាស់ផ្ទះរបស់លោកអ្នក។ គ្រប់រដ្ឋ និងដែនដីមានច្បាប់ខុសៗគ្នាសម្រាប់អ្នកជួលផ្ទះ ​ដូច្នេះគឺជាការសំខាន់ដែលត្រូវធ្វើការស្រាវជ្រាវរបស់លោកអ្នក និងសុំការអនុញ្ញាត មុននឹងចាប់បន្តកិច្ចការទៅមុខជាមួយនឹងការផ្លាស់ប្តូរលើអចលនទ្រព្យណាមួយ។ កិច្ចការខ្លះៗដែលត្រូវចាំទុកក្នុងគំនិតនៅពេលចូលទៅកាន់ម្ចាស់ផ្ទះ ឬភ្នាក់ងារទិញលក់អចលនាវត្ថុរបស់លោកអ្នកដើម្បីស្នើសុំការកែលំអដែលអាចទ្រទ្រង់បានយូរ មានរួមទាំងៈ

  • ប្រាក់បង្វិលមកវិញ និងជំនួយ។ មានប្រាក់បង្វិលមកវិញ និងជំនួយផ្សេងៗមួយចំនួនរបស់រដ្ឋាភិបាល សម្រាប់ផ្តល់ជូនម្ចាស់​អចលនទ្រព្យដើម្បីកែលំអដែលអាចទ្រទ្រង់បានយូរ។ ដើម្បីជួយដល់ការស្នើសុំរបស់លោកអ្នក លោកអ្នកអាចធ្វើការស្រាវជ្រាវខ្លះសម្រាប់ម្ចាស់ផ្ទះរបស់លោកអ្នក និងរុករកមើល ផ្នែកប្រាក់បង្វិលមកវិញ ​និងជំនួយរបស់យើង ​ដើម្បីឲ្យបាន​ដឹងអំពីអ្វីខ្លះដែលពាក់​ព័ន្ធ​នឹងស្ថានភាពរបស់លោកអ្នក។
  • ការកាត់បន្ថយពន្ធដារ។ ការចំណាយលើការកែលំអអចលនទ្រព្យជាច្រើន ព្រមទាំងការជួសជុល និងការថែទាំអាចកាត់​បន្ថយពន្ធដារ ន។ លោកអ្នកអាចមើលសេចក្តីណែនាំសម្រាប់ម្ចាស់អចលនទ្រព្យរបស់ ការិយាល័យពន្ធដារអូស្រ្តាលី ដើម្បីឲ្យបានដឹងថាតើមានវត្ថុ អ្វីខ្លះដែលអនុវត្តចំពោះផ្ទះរបស់លោកអ្នក ើយផ្តល់ដំណឹងល្អណាមួយដល់ម្ចាស់ផ្ទះរបស់លោកអ្នក។
  • គុណប្រយោជន៍ផ្នែកវិនិយោគ។ ដោយវិនិយោគក្នុងការកែលំអអចលនទ្រព្យដែលនាំឲ្យមានការសន្សំសំចៃ​​ថាមពល និងទឹក ម្ចាស់ផ្ទះរបស់លោកអ្នកអាចបង្កើនតម្លៃអចលនទ្រព្យ ធ្វើឲ្យវាទាក់ទាញទឹកចិត្តសម្រាប់អ្នកទិញ និងអ្នកជួលនៅពេល អនាគតផងដែរ។

សូមឲ្យប្រាកដថាលោកអ្នកបានដាក់សំណើណាមួយទៅឲ្យម្ចាស់ផ្ទះ ឬភ្នាក់ងារអចលនវត្ថុរបស់លោកអ្នកជាលាយលក្ខណ៍អក្សរ។ នេះគឺជាគំនិតល្អដែរដែលត្រូវរក្សាកំណត់ត្រានៃសំណើទាំងអស់ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយពីម្ចាស់ផ្ទះ ឬ​ភ្នាក់ងារលក់ទិញអចលនវត្ថុរបស់លោកអ្នកដើម្បីធ្វើការផ្លាស់ប្តូរ ឬការកែលំអ។

តើចង់ដឹង និងចង់សន្សំសំចៃច្រើនទៀតឬទេ?

ដំបូន្មានមានសំខាន់ៗដ៏មានប្រយោជន៍ជាច្រើនអំពីប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលកាកសំណល់​ ទឹក និងការធ្វើ ដំ​ណើរដោយប្រសិទ្ឋិភាព ព្រមទាំងព័ត៌មានអំពីជំនួយរដ្ឋាភិបាលមានផ្តល់ជូនជាភាសាអង់គ្លេសនៅត្រង់វ៉ិបសាយ www.energy.gov.au

ការប្រកាសមិនទទួលខុសត្រូវ

សហព័ន្ធពុំធានាពីភាពពិតប្រាកដនៃឯកសារចំពោះការបកប្រែដែលបានធ្វើឡើង ហើយពុំសម្តែងនូវការយល់ឃើញអំពីភាពជាក់លាក់ ឬផ្សេងពីនេះនៃព័ត៌មានណាមួយដែលមាននៅក្នុងឯកសារដើម ឬការបកប្រែនេះឡើយ។ សហព័ន្ធពុំផ្តល់ជូនការធានាទាក់ទិននឹងការបកប្រែនេះ មានរួមទាំងភាពជាក់លាក់នៃការបកប្រែផងដែរ។​សហព័ន្ធ និងបុគ្គលិក និយោជិក ​ឬភ្នាក់ងារ​ទាំងឡាយរបស់គេនឹងពុំទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយក្នុងរបួសដែលកើតមានឡើងដោយផ្ទាល់ ឬដោយប្រយោល ពីការប្រើបា្រស់ ឬការទុកចិត្តរបស់អ្នកណាម្នាក់ចំពោះការបកប្រែនេះ ទោះបីជាការប្រើ ឬការទុកចិត្តដូចនេះបានផ្អែកលើព័ត៌មាន ឬឱវាទផ្តល់ឲ្យដោយ ទីភ្នាក់ងារ ឬអត់ក្តី។

This translation was funded as part of the Australian Government Multicultural Access and Equity policy.