[Khmer/ភាសាខ្មែរ] គំនិតវៃឆ្លាតទាំង 5 ដើម្បីសន្សំសំចៃថាមពល និងបា្រក់ក្នុងផ្ទះរបស់លោកអ្នក

5 bright ideas for saving energy and money in your home
Publisher: 
Department of the Environment and Energy
Date: 
September 2018

ដោយព្រោះតម្លៃថាមពលឡើងថ្លៃ យើងរាល់គ្នាកំពុងរកមើលវិធីដើម្បីប្រើប្រាស់ថាមពលនៅផ្ទះឲ្យអស់តិចបំផុត។ ដំណឹងល្អគឺថាមានកិច្ចការយ៉ាង សាមញ្ញជាច្រើនដែលពុំអស់ថ្លៃចំណាយ ដែលលោកអ្នកអាចធ្វើបាននៅពេលឥឡូវនេះ។ ដោយសាកល្បងតាមគំនិតទាំងនេះ និងធ្វើការផ្លាស់ប្តូរខ្លះៗ ចំពោះទម្លាប់រាល់ថ្ងៃ នោះលោកអ្នកអាចសន្សំសំចៃប្រាក់ និងជួយដល់បរិស្ថាន ដោយពុំចាំបាច់លះបង់ភាពសុខស្រួលរបស់ខ្លួនឡើយ។

  1. ប្រើប្រាស់ទឹកក្តៅឲ្យបានតិច

    ទឹកក្តៅទទួលខុសត្រូវលើការចំណាយថាមពលប្រើប្រាស់ក្នុងផ្ទះជាមធ្យមប្រមាណ 25 ភាគរយ។ មធ្យោបាយ ដើម្បីកាត់បន្ថយការនេះ មានរាប់បញ្ចូលទាំងការបោកគក់សម្លៀកបំពាក់ដោយប្រើទឹកត្រជាក់ និងរង់ចាំរហូតដល់ដាក់សម្លៀកបំពាក់ពេញ ម៉ាស៊ីន ប្រើម៉ាស៊ីនលាងចាននៅពេលណាដាក់ចានពេញ លៃលកដាក់ប្រដាប់ចេញទឹកផ្កាឈូកដែលមានលំហូរតិច (បានទទួលប្រយោជន៍ ភ្លាមៗមកវិញ ដោយព្រោះចំណាយលើថាមពលអស់តិច) និងប្រើប្រាស់ទឹកផ្កាឈូកក្នុងរយៈពេលខ្លី។

  2. ជ្រើសរើសគ្រឿងប្រដាប់ប្រើអគ្គីសនីដែលប្រើភ្លើងអស់តិច (មានប្រសិទ្ធិភាព)

    គ្រឿងប្រដាប់ប្រើអគ្គីសនីក្នុងផ្ទះអាចប្រើប្រាស់អស់ដល់ ទៅមួយភាគបីនៃថ្លៃចំណាយថាមពលរបស់លោកអ្នក។ ប្រសិនបើលោកអ្នកទិញទូទឹកកក ម៉ាស៊ីនធ្វើឲ្យកក ទូរទស្សន៍ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ ម៉ាស៊ីនលាងចាន ឬម៉ាស៊ីនត្រជាក់ថ្មី សូមរកមើលផ្លាកពត៌មានរបស់វា ស្តីអំពីកំរិតថាមពលប្រើប្រាស់ (Energy Rating Label) - គឺថាសញ្ញាផ្កាយកាន់តែច្រើន ផលិតផលនោះនឹងប្រើអស់ថាមពលកាន់តែតិច។ ម៉ាកផលិតផលដែលមានចំនួនផ្កាយ ច្រើនអាចមានតម្លៃខ្ពស់បន្តិចមែន ក៏ប៉ុន្តែការជ្រើសរើសយកផលិតផលដែលមានប្រសិទ្ធិភាពផ្នែកថាមពលអន់ថយ ហើយមានតម្លៃថោក នៅទីបញ្ចប់អាចអស់ថ្លៃចំណាយកាន់តែច្រើនក្នុងរយៈពេលយូរអង្វែង។

  3. ប្រើប្រាស់គ្រឿងប្រដាប់ប្រើអគ្គីសនីដោយវៃឆ្លាត

    “ ភ្លើងបំរុង “ ដែលប្រើប្រាស់ដោយផលិតផលទាំងឡាយដូចជាចង្ក្រានម៉ាយក្រូវ៉េវ ទូរ ទស្សន៍ និងគ្រឿងប្រដាប់លេងល្បែងអាចប្រើប្រាស់អស់ 10 ភាគរយ នៃថ្លៃចំណាយលើភ្លើងអគ្គីសនីរបស់លោកអ្នក។ ប្រសិនបើវាចេញពន្លឺ ភ្លើងមួយតូច ឬភ្លើងនាឡិកា មានន័យថាវាកំពុងប្រើថាមពលអគ្គីសនីហើយ។ ថ្លៃចំណាយលើការប្រើប្រាស់អាចបានកាត់បន្ថយដោយបិទភ្លើងគ្រឿងប្រដាប់ប្រើអគ្គីសនីដែលនៅជាប់ជញ្ជាំងនៅពេលមិនប្រើវា បំបាត់ចោលទូទឹកកក និងម៉ាស៊ីនធ្វើឲ្យកកទាំងឡាយណាដែលពុំត្រូវការចាំបាច់ ហើយសម្ងួតសម្លៀកបំពាក់ដោយដាក់ហាលលើខ្សែ ជាជាងប្រើម៉ាស៊ីនសម្ងួត។

  4. ប្រើម៉ាស៊ីនកំដៅ និងម៉ាស៊ីនត្រជាក់ដោយមានប្រសិទ្ធិភាព

    ការដាក់ឲ្យក្តៅ ឬដាក់ឲ្យត្រជាក់ដែលឡើងកំរិតរៀងរាល់មួយដឺក្រេ នឹងតម្លើង ថាមពលអគ្គីសនីប្រហែល 5 ទៅ 10 ភាគរយដែរ។ ដើម្បីគ្រប់គ្រងលើការចំណាយថាមពលរបស់លោកអ្នក ចូរគិតអំពីការរៀបចំដាក់ ប្រដាប់ផ្លាស់ប្តូរកំដៅ (thermostat) របស់លោកអ្នកឲ្យនៅត្រឹម 18-20 អង្សានៅរដូវរងារ និង 25-27 អង្សានៅរដូវក្តៅ។ លោកអ្នក អាចទាញបានផលប្រយោជន៍ច្រើនបំផុតពីថាមពលដែលលោកអ្នកកំពុងប្រើប្រាស់ បិទទ្វារបន្ទប់ក្នុងផ្ទះ ហើយធ្វើឲ្យក្តៅ ឬត្រជាក់តែបន្ទប់ដែលលោកអ្នកកំពុងប្រើប្រាស់ប៉ុណ្ណោះ។

  5. ដាក់វត្ថុការពារកុំឲ្យខ្យល់ចេញចូលក្នុងផ្ទះរបស់លោកអ្នក

    ការដាក់វត្ថុការពារកុំឲ្យខ្យល់ចេញចូលក្នុងផ្ទះរបស់លោកអ្នកគឺជាវិធីមួយដែល អស់ថ្លៃតិច និងងាយស្រួលដើម្បីរក្សាផ្ទះរបស់លោកអ្នកឲ្យមានភាពសុខស្រួល ហើយសន្សំសំចៃដល់ទៅមួយភាគបួននៃថ្លៃចំណាយលើ ម៉ាស៊ីនកំដៅ និងម៉ាស៊ីនត្រជាក់របស់លោកអ្នក។ បិទឲ្យជិតចន្លោះដែលមាននៅជុំវិញទ្វារ ក្តារកម្រាល បង្អួច និងគែមជ្រុងក្តារជញ្ជាំង ហើយ ការប្រើថង់ក្រណាត់ច្រកដីខ្សាច់ ឬដុំក្រណាត់មូលទ្រវែងសំរាប់ទប់ខ្យល់គឺជាជំរើស “ រៀបចំធ្វើដោយលោកអ្នកខ្លួនឯង “

តើលោកអ្នកចង់ដឹងពត៌មាន ហើយសន្សំសំចៃឲ្យបានច្រើនថែមទៀតឬទេ?

ពត៌មានសំខាន់ដ៏មានប្រយោជន៍ផ្សេងៗយ៉ាងច្រើនសន្ធឹក ស្តីអំពី ប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពល កាកសំណល់ ទឹកនិងការធ្វើដំណើរក៏ដូចជាពត៌មានអំពីជំនួយរបស់រដ្ធាភិបាលដែរ អាចមានផ្តល់ជូនជាភាសា អង់គ្លេសនៅតាមវ៉ិបសាយ energy.gov.au